V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

ហេតុអ្វីច្បាប់ស្រី អាចផ្សាភ្ជាប់នឹងនារីសម័យថ្មី ស្របតាមយុទ្ធសាស្រ្តនារីរតនះ

នៅក្នុងការអភិវឌ្ឍសង្គមគ្រួសារប្រកបដោយសុភមង្គលបាន អាស្រ័យដោយគ្រួសារមួយ ដែលមានបុរសជាស្វាមី និងស្ត្រីជាភរិយា រួមគ្នាដើម្បីអភិឌ្ឍន៍គ្រួសារនោះប្រកបដោយចីរភាព។ យ៉ាងណាមិញចំពោះសង្គមជាតិ ក៏ដូច្ចេះដែរ ដាច់ខាត ត្រូវមានការចូលរួមពីស្រ្តី ទើបកិច្ចអភិវឌ្ឍន៍អាចដំណើរទៅដោយសន្តិភាព និងការរីកចម្រើន។

ដោយផ្អែកទៅលើទស្សនៈនេះ មានមតិមួយចំនួនបានប្រតិកម្ម ទៅនឹងច្បាប់ស្រី ដែលបានតែងនិពន្ធដោយកវីជាច្រើនរូប ដោយផ្តើមដំបូង ​កវី​ដែល​គេ​បាន​ដឹង​គឺ ព្រះ​បាទ​សម្តេច​ព្រះ​ហរិ​រក្ស​រាមា​ឥ​ស្សរា​ធិប​តី ព្រះ​អង្គ​ឌួង (១៧៩៥-១៨៦០) និង ជា​បន្ទាប់​មក​ទៀត គឺ​បណ្ឌិត ម៉ឺន មៃ និង ឧក​ញ៉ា​សុត្តន្ត​ប្រី​ជា​ ឥន្ទ (១៨៥៩-១៩២៤) ព្រះ​រាជ​សម្ភារ(១៦០១-១៦៣៤) អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុយ (១៨៦៥-១៩៣៦)​ជា​ដើម​ដែល​ជា​ម្ចាស់​សុភា​សិត​ច្បាប់​ស្រី។

ក្នុងចំណោមស្នាដៃនិពន្ធច្បាប់ស្រីរបស់កវីទាំងអស់ ស្នាដៃតែងនិពន្ធដោយកវីបណ្ឌិត ​ម៉ឺន ​ម៉ៃត្រូវបានមតិរបស់មនុស្សសម័យថ្មីមួយចំនួនបានលើកឡើងថា ច្បាប់ស្រីបានរុញច្រានបន្ទាបតម្លៃស្ត្រី  ឲ្យធ្វើត្រឹមជាទាសភរិយា ហើយត្រូវចេះទ្រាំ បើទោះជាស្វាមីប្រើប្រាស់ហឹង្សាយ៉ាងណាក្តី ដែលនេះហាក់ដូចជាបំបិទភាពអង់អាច សក្កានុពលរបស់ស្ត្រី ក្នុងការសាងភាពជាដៃគូរអភិវឌ្ឍន៍សង្គមគ្រួសារ និងសង្គមជាតិយ៉ាងដូច្នេះដែរ។

ជាការពិតណាស់មនុស្សយើងម្នាក់ៗមានសិទ្ធសេរីភាព និងឥស្សរ​ភាព​រៀង​ៗ ខ្លួនប្រាកដមែន ប៉ុន្តែបើតាមលោក វ៉ាន់ឌី កាអុន ដែលជាអ្នកវិភាគប្រវត្តសាស្រ្ត និងអក្សរសិល្ប៍ខ្មែរ បានធ្វើការវិភាគទៅលើច្បាប់ស្រី ដោយលោកបានលើកឡើងថា ការពិតអ្នកប្រាជ្ញបណ្ឌិតខ្មែរ មានការយក​ចិត្ដ​ទុក​ដាក់​ជា​ពិសេស​អំពី​ទំនាក់​ទំនង​រវាង​ប្ដី​និង​ប្រពន្ធ​ ដោយក្នុងនោះកវីនិពន្ធហាក់គ្រាន់ចង់​និយាយ​អំពី​ក្បួន​ចិត្ដ​សាស្ដ្រ​តែ​ប៉ុណ្ណោះ ដែលជាអាថិ៍​កំបាំងនៃអំណាចផ្លូវចិត្តរួមរឹងទំនាក់ទំនងរវៀងប្តី និងប្រពន្ធកាន់តែល្អ និងប្រកបដោយភាពយូរអង្វែង ប៉ុន្តែទទឹមនឹងនោះក៏បាន​គៀប​សង្កត់​ទៅ​លើ​ឥស្សរ​ភាព​របស់​ស្ត្រី​ផង​ដែរ។

លោកបន្ថែមថា គោលការណ៍ក្នុងច្បាប់ស្ត្រី បានជំរុញអំណាច​របស់​ស្រ្ដី​ទៅ​លើ​បុរស គឺ​ការ​តំរូវ​ចិត្ដ​បុរស​គ្រប់​បែប​យ៉ាង ជាការឃុំចិត្តបុរស​មិន​អាច​ចាប់​ចិត្ដ​ទៅ​លើ​អ្នក​ណា​ផ្សេង​បាន​ឡើយ ហើយនេះជា​ការ​បង្កើត​នូវ​សម្ផស្ស​មួយ​ដ៏​ខ្លាំង​ខ្លា សំរាប់​នារី​ខ្មែរ​ ដូចពាក្យ​ខ្មែរ​តែង​ពោល​ថា ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ រឺ ទឹក​ត្រ​ជាក់ ត្រី​កុម​​ជា​ដើម។

​​ពិសេសផ្តល់​ទស្សនៈ​អប់រំ​ដល់​ស្ត្រី​ទាំង​ឡាយ ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​ស្រី​ល្អ ភរិយា​ល្អ និង មាតា​ល្អ នៅ​ក្នុង​គ្រួសារ និង សង្គម​ជាតិ​ ម្យ៉ាងទៀតហាក់បី​ដូច​ជា​យក​ចិត្ដ​ទុក​ដាក់​​អំពី​ការ​អប់​រំ​ស្ដ្រី​ភេទ​​យ៉ាង​ខ្លាំង​ក្លា ព្រោះថាក្នុងសង្គមខ្មែរកាលនោះជាសង្គម​មាតា​ធិប​​តេយ្យ គឺ​ស្រី​មាន​តួនា​ទី​ដឹក​នាំ​ដ៏​សំខាន់ បើ​ស្ដ្រី​មាន​ឥរិយា​បថ​បែប​ណា គ្រួសារ​និង​សង្គម​ទាំង​មូល​ក៏​មាន​លក្ខណៈ​បែប​នោះ​ដែរ។

ទោះបីជាយ៉ាងណាមកដល់សម័យបច្ចុប្បន្ធ នារី និងកុមារត្រូវបានគេចាប់ទុកជាភេទទន់ខ្សោយ ងាយរងគ្រោះពីខាងមជ្ឈដ្ឋាននានា។ ភាពទន់ខ្សោយនេះសំដៅដល់កម្លាំង ការផ្តល់សិទ្ធ និងឪកាសនៅក្នុងការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម ហេតុនេះស្ត្រីត្រូវបាន អង្គការសហប្រជាជាតិលើកតម្កើនដោយផ្តល់ជាសិទ្ធសកល ដើម្បីចំហរព្រំដែនឲ្យកាន់តែទូលាយសម្រាប់ស្ត្រី ពង្រឹងសមត្ថភាពក្នុងការចូលរួមក្នុងសង្គម។

ដូចគ្នានេះដែរ ប្រទេសកម្ពុជាជាម្ចាស់ហត្ថលេខី នៃអនុសញ្ញាស្តីពីសិទ្ធិស្ត្រីនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ១៩៩២មក ហើយក៏ឃើញមានការជ្រំជ្រែងពីសំណាក់រដ្ឋាភិបាល បក្សនយោបាយ និងអង្គការសង្គមស៊ីវិល។ ជាក់ស្តែង ក្រសួងកិច្ចការនារី បានតាក់តែងផែនការ​យុទ្ធសាស្ត្រ​ជាតិ​នារី​រតនៈ​ទី​៤ ដែល​មាន​រយៈពេល​អនុវត្ត ៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។

ក្នុងនោះផែនការយុទ្ធសាស្ត្រជាតិនារី​រតនៈ បានផ្តោតសំខាន់ទៅលើសមភាពយេនឌ័រ និង​បង្កើន​ភាព​អង់​អាច​ដល់​ស្ត្រី។

ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤ ក៏​បង្កើត​គោល​នយោបាយ​ពាក់ព័ន្ធ​ចំនួន ៤​ចំណុច​ធំៗ។ យុទ្ធសាស្ត្រ​ទី​១ គឺ​កំណើន​សេដ្ឋកិច្ច​ដែល​ជា​ការ​ផ្ដល់​សិទ្ធិ​ភាព​អង់​អាច​ដល់​ស្ត្រី​ក្នុង​ផ្នែក​សេដ្ឋកិច្ច។ ទី​២ លទ្ធភាព​ទទួល​បាន​សេវា និង​កិច្ច​គាំពារ​សង្គម។ ទី​៣ បញ្ហា​អន្តរ​វិស័យ និង​ចុង​ក្រោយ គឺ​ការ​អភិវឌ្ឍ​ស្ថាប័ន និង​លើក​កម្ពស់​សមត្ថភាព​ស្ត្រី។

ដូច្នេះខណៈដែលមានការជ្រំជ្រែងពីសំណាក់រដ្ឋាភិបាល អង្គសង្គមស៊ីវិល និងស្ថាប័នអន្តរជាតិនានាផងនោះ ស្ត្រីខ្លួនឯងត្រូវក្តាប់ឪកាសនេះ ដើម្បីពង្រឹងសមត្ថភាពខ្លួន យល់ដឹងពីសិទ្ធសេរីភាពរបស់ខ្លួន លះបង់ទស្សនៈចាស់​គំរឹល​ដែល​ថា​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ផ្តល់តម្លៃ នឹងលើកស្ទួយភាពសំខាន់របស់ខ្លួនក្នុងសង្គម។

ជារួមមកវិញ ទាំងច្បាប់ស្រី និងផែនការយុទ្ធសាស្រ្តនារីរតនះរបស់ក្រសួងកិច្ចការនារី យើងមិនអាចថាមួយណាល្អ ឬមួយណាអាក្រក់ទេ។ ពីព្រោះពីមួយជំនាន់ទៅមួយជំនាន់ បរិបថសង្គមតែងតែមានការផ្លាស់ប្តូរ។ ច្បាប់ស្រី ជាក្បួនច្បាប់ ឬក្រិតក្រមដ៏ប្រសើរផូផង់របស់មនុស្សនាសម័យនោះ ហើយក៏អាចជាប្រយោជន៍នាសម័យនេះ ប្រសិនបើយើងចេះច្បិចយកចំនុចល្អៗសម្រាប់យកមកជាគំនិត និងការអនុវត្ត។ ដូចនេះយើងអាចសិក្សា ស្វែងយល់ ដូចដែលគេបានលើកឡើងថា កំណាព្យ​ល្អ ត្រូវ​ការ​អ្នក​ចេះ​អាន​ និង​វិភាគ​ដោយ​បេះ​ដូង​និង​ខួរ​ក្បាល​។ ដូច​គ្នា​ដែរ តែ​ឆ្ងាញ់ ត្រូវ​ការ​អ្នក​ចេះ​ផឹក​ដែល​មាន​បទ​ពិសោធ​យ៉ាងដូច្នេះដែរ៕

V9 V9 V9 V9 V9 V9

1 Comment

  1. Free Inpatient Drug Rehab Near Me

    ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2020 at ម៉ោង 11:43 pm

    Stress And Substance Abuse http://aaa-rehab.com Alcohol Rehab Centers http://aaa-rehab.com Drug Treatment Programs
    http://aaa-rehab.com

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top