V9 V9 V9 V9 V9
កម្មវិធីស្រាយចម្ងល់

ចង់ដឹងទេ! តើបាតុភូតរន្ទះបាញ់កើតឡើងដោយសារអ្វី?

Last updated on មិថុនា 20th, 2019 at 07:27 am

ចាប់ពីខែមិថុនាទៅ ជារដូវដែលប្រទេសកម្ពុជាយើង ទទួលរបបខ្យល់មូសុងវស្សា បក់មកពីទិសនិរតី ធ្វើឲ្យអាកាសធាតុ នឹងមានភ្លៀងធ្លាក់ ញឹកញាប់បន្ដិច ហើយក៏បានចាប់ផ្ដើមចូល ទៅក្នុងរដូវវស្សាផងដែរ ដោយចាប់ពីខែកក្កដា ទៅដល់ខែតុលា ប្រទេសកម្ពុជាយើងនឹង ទទួលរបបទឹកភ្លៀង គ្រប់គ្រាន់ពេញលេញតែម្ដង។ ស្របពេលដែលធាតុអាកាស បានពាំនាំយកទឹកភ្លៀងមក វាក៏អាចបង្កទៅជាគ្រោះ ធម្មជាតិមួយចំនួនផងដែរ ដូចជាបង្កទៅជា ទឹកជំនន់ បាតុភូតផ្គររន្ទះ និងផ្សេងៗទៀត នៅក្នុងរដូវវស្សានេះ។

អញ្ចឹងថ្ងៃនេះ យើងនឹងសិក្សាលំអិត អំពីបាតុភូតរន្ទះ និងផ្គរលាន់ តើពួកវាកើតឡើង ដោយសារអ្វី? មានផលប៉ះពាល់អ្វីខ្លះ? ហើយតើធ្វើយ៉ាងណា ដើម្បីជៀងវាងពីបាតុភូត រន្ទះនេះ?

មុននឹងអាចនិយាយអំពីមូលហេតុដែលកកើតបាតុភូតរន្ទះបាន យើងគប្បីស្វែងយល់អំពី ការកកើតនៃអគ្គិសនី ជាមុនសិន។ តាមពិតទៅ អគ្គិសនីអាចកើតឡើង បានច្រើនរបៀបណាស់ តាមប្រទេសមួយចំនួនផ្គត់ផ្គង់អគ្គិសនី ដោយបំលែងមកពីទួប៊ីន នៃកម្លាំងខ្យល់ ឬរលក ហើយខ្លះទៀតត្រូវការ ប្រើប្រាស់ថាមពលធ្យូងថ្ម និងខ្លះប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីបំលែង -ល-។ អញ្ចឹងអគ្គិសនី កើតឡើងដោយសារកម្លាំងជាច្រើន ឧទាហរណ៍ជាក់ស្ដែង ប្រសិនបើយើងគ្រាន់តែ យកលោហៈធាតុអ្វីមួយ ទៅត្រដុសនឹងជញ្ជាំង វានឹងបង្កើត ទៅជាកម្ដៅ និងមានបន្ទុកអគ្គិសនី ផងដែរ អាចធ្វើឲ្យវាមានកម្លាំងស្រូប លោហៈធាតុតូចៗនានា ដូចជាម្ជុល ដែកគោល ឲ្យទៅតោងជាប់ ជាមួយវាបានមួយ រយៈពេលខ្លី ដូចជាមេដែកអញ្ចឹង ដែលអន្ដរកម្មនេះ គេឲ្យឈ្មោះថា បន្ទុកអគ្គិសនី បណ្ដោះអាសន្ន (Static Electrical Charge)។

នៅស្រទាប់បរិយាកាសខាងលើក៏មានអន្ដរកម្ម ស្រដៀងគ្នានេះដែរ ដោយនៅលើពពក គឺមានផ្ទុកទៅដោយ ម៉ូលីគុលទឹក និងទឹកកក តូចៗជាច្រើន ជាក់ស្ដែងនៅពេលដែល យើងធ្វើដំណើរឡើង ទៅលើភ្នំបូកគោ ដោយធ្វើដំណើរ កាត់ពពក អ្នកនឹងមាន អារម្មណ៍រងា និងមានសំណើមផងដែរ។ ម៉ូលីគុលទឹក និងទឹកកក រាប់លានទាំងអស់នោះ វាបានធ្វើដំណើរ ទៅមកៗទង្គិចគ្នា នៅក្នុងពពកនោះ (ដោយសារកម្លាំងខ្យល់ បក់វាទៅមក) ទើបវាបានបង្កើត ទៅជាបន្ទុកអគ្គិសនី បណ្ដោះអាសន្ន ហើយប្រសិនបើពពកកាន់តែក្រាស់ (ពពកពណ៌ខ្មៅ) នោះបញ្ជាក់ថា វានឹងមានបន្ទុកអគ្គិសនី កាន់តែច្រើនផងដែរ។ បន្ទុកអគ្គិសនីមាន ប៉ូលចំនួន ២ គឺវិជ្ជមាន (+) និង អវិជ្ជមាន (-) ហើយបើយើង មើលទៅលើមេដែក នៅពេលដែលវាមាន ប៉ូលដូចគ្នា វានឹងច្រានគ្នាចេញ ផ្ទុយទៅវិញ ប្រសិនបើប៉ូលផ្ទុយគ្នា វានឹងទាញគ្នាចូល នេះហើយជាធាតុបង្កនៃ ដំណើររបស់រន្ទះ។ រន្ទះ នឹងកើតមានឡើង នៅពេលដែលបន្ទុកអគ្គិសនី អវិជ្ជមាន (-) បានប្រទះនឹង បន្ទុកវិជ្ជមាន (+) វានឹងទាញចូលគ្នា ភ្ជាប់ចរន្ដអគ្គិសនី បង្កើតទៅជាភ្លើងជះពន្លឺ មួយពព្រិចភ្នែក ដែលមើលទៅយើង អាចគិតថា វាបាញ់ពីមេឃ មកផ្ទៃខាងក្រោម ប៉ុន្តែវាគ្រាន់តែភ្ជាប់ បន្ទុកអគ្គិសនី និងពេលដែលវាប៉ះគ្នា បណ្ដាលឲ្យវាបញ្ចេញ ជាភ្លើងចរន្ដភ្លឺខ្លាំង។

រន្ទះត្រូវបានគេបែងចែកចេញជា ៣ ប្រភេទគឺ៖
• នៅពេលដែលបន្ទុកអវិជ្ជមាន (-) ភ្ជាប់ទៅបន្ទុកវិជ្ជមាន (+) នៅក្នុងបណ្ដុំពពក តែមួយហៅថា Intra-Cloud ឬ IC
• នៅពេលដែលបន្ទុកអវិជ្ជមាន (-) នៃបណ្ដុំពពកមួយ ភ្ជាប់ទៅកាន់បន្ទុកវិជ្ជមាន (+) នៅបណ្ដុំពពកមួយ ផ្សេងទៀតហៅថា Cloud-to-Cloud ឬ CC
• នៅពេលដែលបន្ទុកអវិជ្ជមាន (-) នៃបណ្ដុំពពកមួយ ភ្ជាប់មកកាន់បន្ទុកវិជ្ជមាន (+) នៅលើផែនដីយើង ហៅថា Cloud-to-Ground ឬ CG ៕

V9 V9 V9 V9 V9 V9
V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top